ទម្លាប់​៥​យ៉ាង​​នៅ​ពេល​ព្រឹក​ដែល​​ធ្វើ​ឲ្យ​អ្នក​ឡើង​គីឡូ​​មិន​ឈប់​

ឆ្ងល់​ណាស់​មែន​ទេ ហេតុ​អ្វី​អ្នក​ខំ​ព្យាយាម​សម្រក​គីឡូ​​​យូរ​ហើយ​​ តែ​នៅ​តែ​មិន​ទាន់​ស្រក​ទៀត​? តាម​ពិត​ទម្លាប់​​ដែល​អ្នក​ធ្វើ​​ក្រោយ​ពេល​ភ្ញាក់​ពី​គេង​ភ្លាម​​ ក៏​ចូល​រួម​​ចំណែក​ជះ​​ឥទ្ធិពល​​ដល់​រឿង​នេះ​ដែរ។​ ចង់​ដឹង​ថា​​ទម្លាប់​នោះ​មាន​​អ្វី​ខ្លះ​ តោះ​មក​អាន​ឲ្យ​ដឹង​ទាំង​អស់​គ្នា​៖​
១. ដេក​ជ្រុល​
 ត្រឹម​ត្រូវ​ណាស់​ការ​គេង​គ្រប់​គ្រាន់​ជួយ​ឲ្យ​អ្នក​ស្រក​គីឡូ​ ប៉ុន្តែ​បើ​​​អ្នក​គេង​លើស​ពី​១០​ម៉ោង​ នោះ​លទ្ធផល​នឹង​ផ្ទុយ​​គ្នា​​។​ ដូច្នេះ​អ្នក​​គួរ​កែ​ទម្លាប់​ជា​ថ្មី​ ដោយ​គេង​ចន្លោះ​ពី​៧ទៅ​៩​ម៉ោង​បាន​ហើយ​។
 ២. រៀប​ចំ​ខ្លួន​ក្នុង​ទី​រងឹត​ 
ការ​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ​នៅ​ពេល​ព្រឹក​ អាច​ជួយ​ឲ្យ​រាង​កាយ​អ្នក​រក្សា​តុល្យ​​ភាព​និង​ប្រឆាំង​ការ​ឡើង​គីឡូ​​​បាន​ ដូច្នេះ​បើ​​អ្នក​មិន​បាន​បើក​បង្អួច​ ឲ្យ​ពន្លឺ​ចូល​ទេ​ នោះ​អ្នក​នឹង​​បាត់បង់​ឧកាស​ល្អ​នេះ​មិន​ខាន​។​
 ៣. មិន​​​​រៀប​ចំ​​កន្លែង​គេង​ឲ្យ​ស្អាត​ឡើង​វិញ
​ ស្តាប់​ទៅ​ដូច​ជា​គួរ​ឲ្យ​អស់​សំណើច​ណាស់​មែន​ទេ​? ប៉ុន្តែ​​​ទម្លាប់​​ល្អ​បែប​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ពេញ​មួយ​ថ្ងៃ​ ដូច​ជា​អ្នក​អាច​ខ្ចប់​អាហារ​ល្អៗ​​សម្រាប់​​ញ៉ាំ​ពេល​ថ្ងៃ​ នៅ​ពេល​ទៅ​ធ្វើ​ការ​ទៀត​ផង​។​
 ៤. មិន​ថ្លឹង​គីឡូ​រាល់​ថ្ងៃ​ មិន​សូវ​មាន​ពេល​ថ្លឹង​គីឡូ​ទេ​មែន​ទេ?
 សាក​ទិញ​ជញ្ជីង​មក​ដាក់​ក្នុង​បន្ទប់​ហើយ​ថ្លឹង​រាល់​ថ្ងៃ​មើល​​។ អ្នក​នឹង​អាច​ដឹង​ថា​តើ​គោល​ដៅ​របស់​អ្នក​សម្រេច​ដល់​ចំណុច​​ណា​ហើយ​។​
៥. ញ៉ាំ​អាហារ​ពេល​ព្រឹក​មិន​ត្រឹម​ត្រូវ​ ចំណុច​នេះ​សំខាន់​ខ្លាំង​ណាស់​ 
ការ​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ ធ្វើ​ឲ្យ​អ្នក​ឃ្លាន​ហើយ​ញ៉ាំ​អាហារ​ពេល​ថ្ងៃ​និង​ពេល​ល្ងាច​ច្រើន។​ ស្រដៀង​គ្នា​នេះ​ដែរ បើ​អ្នក​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដែល​មិន​ត្រឹម​ត្រូវ​ ដូច​ជា​ញ៉ាំ​តិច​ពេក​ ឬ​ច្រើន​ពេក​ ក៏​ជា​កត្តា​​ជះ​ឥទ្ធិពល​ដូច​គ្នា​​។​ បន្ទាប់​ពី​អាន​ចំណុច​ទាំង​៥​នេះ​ហើយ​ កញ្ញា​សង្ឃឹម​ថា​​ បំណង​សម្រក​គីឡូ​របស់​អ្នក​ទាំង​អស់​គ្នា​នឹង​ទទួល​បាន​​​ជោគ​ជ័យ​ឆាប់ៗ​ ៕
ប្រភព៖ Womenshealthmag ប្រែសម្រួល៖ អូន បញ្ញា

ដំណឹង​ល្អ! អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​ភេសជ្ជៈ​ដ៏​អស្ចារ្យ​បំផុត សម្រាប់​សម្រក​ទម្ងន់

មនុស្ស​ជាច្រើន ជាពិសេស​ស្រី​ៗ​​កំពុង​ស្វែងរក​វិធី​ដែល​ឆាប់ និង​ងាយស្រួល​ដើម្បី​សម្រក​ទម្ងន់ ដូចជា​ផែនការ​របប​អាហារ ថ្នាំ​សម្រក​ទម្ងន់ ទម្លាប់​ហាត់ប្រាណ​យ៉ាង​ម៉ត់ចត់ និង​មាន​វិធី​ជាច្រើន​ទៀត។
ប៉ុន្តែ​អ្នក​មាន​បញ្ហា​លើស​ទម្ងន់​ឈប់​បារម្ភ​ទៀត​ទៅ ព្រោះ​អ្នក​ស្រាវជ្រាវ​បាន​ណែនាំ​វិធី​សម្រក​ទម្ងន់​ដ៏​ល្អ និង​មាន​ប្រសិទ្ធភាព​មួយ គឺ​ការ​ផឹក​តែ។ យោង​តាម​ទស្សនាវដ្ដី American Journal of Clinical Nutrition បាន​រក​ឃើញ​ថា​អ្នក​ដែល​មាន​ទម្លាប់​ផឹក​តែ​គ្មាន​ឡើង​ទម្ងន់។ អ្នកស្រាវជ្រាវ​ជនជាតិ​ហុល្លង់​បាន​ពិនិត្យ​លើ​ការស្រាវជ្រាវ និង​ការវិភាគ​លើ​តែ​បៃតង​បាន​ឲ្យ​ដឹង​ថា ពេល​ផឹក​តែ​បៃតង ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន អាច​ជួយ​បង្កើន​ការ​ចំណាយ​ថាមពល ឬ​ដុត​បំផ្លាញ​កាឡូរី​ដែល​មាន​ក្នុង​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ​វា​ថែម​ទាំង​បង្កើន​អុកស៊ីតកម្ម​ជាតិ​ខ្លាញ់ (ការ​បំបែក​ជាតិ​ខ្លាញ់) នៅ​ក្នុង​ខ្លួន​បាន​ល្អ​ទៀត​ផង។
ទោះជា​យ៉ាង​ណា អ្នកស្រាវជ្រាវ​បាន​បញ្ជាក់​ថា​ ផឹក​តែ​មួយ​មុខវាក៏​មិនមែន​ជួយ​បាន​ទាំង​ស្រុង​ដែរ ព្រោះ​ទាល់តែ​គួបផ្សំ​ជាមួយ​របប​អាហារ​ដែល​មាន​សុខភាព​ល្អ និង​ការ​ធ្វើ​លំហាត់​ប្រាណ​ខ្លះ​ៗ​ទៀត ទើប​អាច​ជំរុញ​ការ​ដុត​បំផ្លាញ​ខ្លាញ់​ក្នុង​ខ្លួន​ឲ្យ​កាន់តែ​រលាយ​ឆាប់។
របប​អាហារ គឺ​មាន​សារៈសំខាន់​ជាង​ការ​ហាត់ប្រាណ​ទៅ​ទៀត ពេល​និយាយ​ដល់​ការ​ការ​ហាត់​ប្រាណ ព្រោះ​បើ​ហាត់​ប្រាណ​រួច អ្នក​ទៅ​ទទួល​ទាន​ ភេសជ្ជៈ​មាន​ជាតិ​កាបូអ៊ីត អាហារ Fast-food និងបង្អែម​ដែល​មាន​ជាតិ​ស្ករ​បន្ទាប់ពី​ហាត់ប្រាណ​នោះ វា​នឹង​កាន់តែ​ធ្វើ​ឲ្យ​យ៉ាប់​លើស​ដើម៕
 ប្រភព៖ familyshare ប្រែ​សម្រួល៖ ទ្រី រ៉ាវី

ប្រញាប់​រៀប​ការ​នៅ​វ័យ​ក្មេង​ពេក នឹង​អាច​ជួប​វិបត្តិ​៧​យ៉ាង

គូ​ស្នេហ៍​មួយ​ចំនួន​ចង់​រៀបការ​ភ្លាមៗ​បន្ទាប់​ពី​ស្គាល់​គ្នា​មិន​បាន​ប៉ុន្មាន ដោយ​យល់​ថា​ការ​ចងចំណង​អាពាហ៍ពិពាហ៍​គឺ​ជា​រឿង​សំខាន់​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ស្នេហា​របស់​ពួកគេ និង​គិត​ថា​ការ​ចាប់​ផ្ដើម​ជីវិត​គ្រួសារ​លឿន នឹង​ជួយ​ឲ្យ​ពួកគេ​ឈាន​ដល់​ជីវិត​ឯករាជ្យ​លឿន​ដូច​គ្នា។ ទោះ​បី​ជា​ការ​រៀបការ​នៅ​វ័យ​ក្មេង​មាន​គុណ​សម្បត្តិ​មួយ​ចំនួន​ តែ​វា​ក៏​មាន​បញ្ហា​ជា​ច្រើន​ដែល​នឹង​ត្រូវ​ប្រឈម​មុខ​ដូច​ជា៖
១.ទំនួល​ខុស​ត្រូវ​ក្នុង​វ័យ​ក្មេង៖​​​​​ ជីវិត​ប្ដី​ប្រពន្ធ មិន​មែន​មាន​តែ​ពេល​ផ្អែម​ល្ហែម សប្បាយ​ៗ​ដូច​ជីវិត​ជា​សង្សារ​ឡើយ។ ពួក​គេ​ត្រូវ​មើល​ថែ​គ្រួសារ ទុក​ដាក់​ផ្ទះ​សំបែង​ បីបាច់​កូន​ចៅ​ដោយ​ខ្លួន​ឯង។ ដូច្នេះ​ហើយ​បើ​ជីវិត​ពួក​គេ​មិន​ទាន់​មាន​លំនឹង និង​មិន​រឹង​មាំ​គ្រប់គ្រាន់​វា​នឹង​ក្លាយ​ជា​បញ្ហា​ធំ។
២.បាត់​បង់​អ្វី​ដែល​ជា​ភាព​រីករាយ​របស់​យុវវ័យ៖ ភាព​ច្របូកច្របល់​នៃ​ជីវិត​អាពាហ៍ពិពាហ៍​នឹង​ចាប់​ផ្ដើម ជីវិត​យុវវ័យ​របស់​ពួកគេ​នឹង​បាត់​ទៅ​ដំណាល​គ្នា​ដែរ។
៣.ការ​មាន​ផ្ទៃពោះ​ក្នុង​វ័យក្មេង៖ មាន​កូន​នៅ​វ័យ​ក្មេង​ពេក​នឹងធ្វើ​​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ស្ត្រី​គ្រប់​រូប ជា​ពិសេស​បើ​ស្ត្រី​មិន​ទាន់​អស់​​ការ​លូតលាស់​នៅ​ឡើយ ការ​មាន​ផ្ទៃ​ពោះ​នឹង​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់។
៤.ភាព​ប្រេះឆា​នៃ​ជីវិត​គូ​ងាយ​កើត​មាន​ឡើង៖ ដោយ​សារ​ពួក​គេ​នៅ​ចិត្ត​ក្ដៅ មិន​ទាន់​ចេះ​គិតគូរ​វែង​ឆ្ងាយ គូ​ស្វាមី​ភរិយា​វ័យ​ក្មេង​ភាគ​ច្រើន​មិន​មាន​ទំនួល​ខុសត្រូវ ឬ​ឈ្លោះ​ប្រកែក​គ្នា​រហូត​មិន​អាច​ទ្រាំ​នឹង​គ្នា​បាន។
៥. ផល​ប៉ះពាល់​ចំពោះ​ការ​សិក្សា៖ ភាគ​ច្រើន គូ​ស្នេហ៍​វ័យ​ក្មេង​មិន​អាច​បន្ត​ការ​សិក្សា​ខ្ពស់​បាន​ទេ​ព្រោះ​ពួកគេ​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​ហិរញ្ញវត្ថុ​គ្រួសារ។
៦.ឱកាស​ការងារ​តិចតួច៖ ដោយ​សារ​តែ​ការ​អប់រំ​របស់​ពួកគេ​មាន​កម្រិត​ពួក​គេ​មិន​អាច​ទទួល​បាន​ការងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​នោះ​ទេ។
៧.ជួប​ការ​លំបាក​ក្នុង​ការ​ចិញ្ចឹម​កូន៖​ ចំណេះដឹង​របស់​ពួកគេ​អំពី​ការ​ថែ​ទាំ​កូន​អាច​មាន​កម្រិត​ ព្រម​ទាំង​មិន​មាន​ការ​ណែនាំ​គ្រប់គ្រាន់​ពី​មាតាបិតា ដូច្នេះ​ពួកគេ​មិន​អាច​មើល​ថែ​កូន​បាន​ល្អ​ទេ។ ការ​រៀប​​អាពាហ៍ពិពាហ៍​ឆាប់​ពេក​ មើល​ទៅ​រ៉ូមែនទិច និង​ងាយស្រួល​ប៉ុន្តែ​វា​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ផង​ដែរ។ ដូច្នេះ​គូ​ស្វាមី​ភរិយា​ត្រូវការ​រយៈពេល​ស្គាល់​គ្នា​ឲ្យ​បាន​ច្បាស់​សិន​មុន​សម្រេច​ចិត្ត​រៀបការ​ជាមួយគ្នា។ ការ​ប្រញាប់ប្រញាល់​ឈាន​ជើង​ចូល​ក្នុង​អាពាហ៍ពិពាហ៍​មួយ​ដែល​នឹង​ត្រូវ​បញ្ចប់​ទៅ​វិញ​រហ័ស ពុំ​មែន​ជា​រឿង​ត្រឹមត្រូវ​ដែល​គួរ​ធ្វើ​នោះ​ទេ ។
ប្រភព៖ Kanha ប្រែសម្រួល៖ fbgoo.co

ស្វែងយល់ពីអ្នកនិពន្ធរឿងទុំទាវ

១.ផ្ដើមសេចក្ដី
        រឿងទុំទាវជារឿងរ៉ាវមួយដែលប្រជាជនខ្មែរនិយមរាប់អានយ៉ាងខ្លាំង។ រឿងនេះត្រូវបានចាត់ទុកចូលទៅក្នុងរឿងដែលមានតម្លៃសំខាន់បំផុត។ កាលពីសង្គមចាស់គេបានឲ្យតម្លៃទៅលើរឿងនេះដែរ ដោយគេចាត់ចូលកម្មវិធីសិក្សាថ្នាក់ទី៣ និងថ្នាក់ទី១ចាស់ ហើយបច្ចុប្បន្ននេះក្រសួងអប់រំយុវជននិងកីឡាក៏បានបញ្ចូលរឿងទុំទាវនេះទៅក្នុងកម្មវិធីសិក្សានៅថ្នាក់ចំណេះដឹងទូទៅ(ថ្នាក់ទី១០-១២)។ មិនត្រឹមតែសម្រាប់អ្នកសិក្សាប៉ុណ្ណោះទេ រឿងទុំទាវត្រូវបានមជ្ឈដ្ឋានអ្នកសិល្បៈយកទៅសំដែងជាសិល្បៈជូនទស្សនិកជនជាទីកំសាន្តយ៉ាងល្អឥតខ្ចោះថែមទៀតផង។

២. ទិដ្ឋភាពប្រវត្តិ
២.១ អត្ថបទ
       តាមទស្សនៈអ្នកស្រាវជ្រាវអក្សរសិល៍្បមួយចំនួនបានឲ្យដឹងថារឿងទុំទាវដែលមាននៅក្នុងប្រទេសយើងរហូតមកដល់សព្វថ្ងៃនេះបានឆ្លងកាត់ប្រវត្តិយ៉ាងស្មុគស្មាញ។ រឿងទុំទាវមិនមែនជាស្នាដៃរបស់អ្នកនិពន្ធតែមួយអ្នកហើយត្រូវបានតាក់តែងក្នុងរយៈពេលខ្លីនោះទេ។ នៅក្នុងបញ្ហាស្នេហាដ៏សែនសោកសៅនេះ អ្នកនិពន្ធច្រើនរូបបានចំណាយពេលយ៉ាងយូរ ដើម្បីសម្អិតសម្អាងស្នាដៃនេះដោយបានកែប្រែសាច់រឿងឲ្យមានការផ្លាស់ប្ដូរបន្តិចម្ដងៗរហូតដល់ដំណក់កាលចុងក្រោយដែលយើងទទួលស្គាល់បច្ចប្បន្ននេះ។ អ្នកស្រាវជ្រាវរឿងទុំទាវបានរកឃើញអត្ថបទរឿង៤ខុសគ្នា៖
​​       +អត្ថបទទី១  សរសេរលើស្លឹករឹតជាបទពាក្យ៧ យ៉ាងចំណាស់ព្រងទាំងរហែកខ្ទេចខ្ទីដាច់ក្បាល ដាច់កន្ទុយ គ្មានកាលវរិច្ឆេទ គ្មានឈ្មោះអ្នកនិពន្ធ។ ដោយយល់ទៅតាមទេពកោសល្យខ្ពស់ក្នុងការតែងកំណាព្យ សាស្ត្រាចារ្យមួយចំនួនបានសន្និដ្ឋានថាជាអត្ថបទរបស់សន្ធរម៉ុក(១៨៣៤-១៩០៨)។                +អត្ថបទទី២  សរសេរលើស្លឹករឹតជាបទកាព្យផ្សេងៗ មានបទកាកគិ បទព្រហ្មគីតិជាដើម តែកំពុងឃើញមានឈ្មោះអ្នកនិពន្ធ និង កាលកំណត់តែងទេ។ ដោយផ្អែកលើជរាភាពនៃសាស្ដ្រាចារ្យនេះ និងដោយសម្អាងលើអត្ថបទរូបរបស់អត្ថបទយើងអាចសន្និដ្ឋានបានថាស្នាដៃនេះប្រហែលជារៀបរៀងឡើងមុនរជ្ជកាលស្ដេចនរោត្តមទៅទៀតុ។  ​
         +អត្ថបទទី៣  មានអារម្ភកថាមានប្រាប់ឈ្មោះអ្នកនិពន្ធ មានកាលបរិច្ឆេទច្បាស់លាស់។                          ឧ.យើងនិងថ្លែងនាមតាមបញ្ហា               ទើបថាតាមឈ្មោះចំពោះងាយ                                               តួ”ស”រាប់រៀបធៀបនិយាយ                      ដើមទាយប្រកបរាប់រៀបទៅ។ ទាញយា”ស”សម                  ប្រកប”ម” បាំងឈើលើ”ស”ទើបបានត្រូវ     ឈ្មោះដើមដូចដឹងពីម៉ែឪ ឥឡូវនាមបែកចែកដោយគុណ។
           តាមរយៈនេះយើងអាចសន្និដ្ឋានថានិពន្ធដោយ ភិក្ខុ ងួន សោម ឬជាស្នាដៃភិក្ខុសោម នៅឆ្នាំ១៩១៥។ ភិក្ខុសោមបានសរសេរក្នុងអារម្ភកថារបស់លោកថា៖
          នេះនិងថ្លាថ្លែងតែងចរចា                      ល្បើកល្បងល្បាកាយកាព្យ 
          តាំងតែងដំណាលកាលមុន                     និទានយូរយារឃ្លាឃ្លាតឆ្ងាយ។ 
         មិនទៀងល្អៀងល្អក់ឥតឃ្លាឃ្លាត់            សង្វាតផ្ទៀងផ្ទាត់បទបរិយាយ
         យើងកែជាថ្មីដែនដីអាយ                        ស្រស់ស្រាយតទុកទៅមុខទៀត។
         +អត្ថបទទី៤... សូមរង់ចាំភាគបន្ដ

អាហារក្លែងក្លាយដែលយើងញ៉ាំរាល់ថ្ងៃដោយមិនដឹង…សូមជួយស៊ែចែកគ្នាដឹងផង!!!

ពិតជាមានការព្រួយបារម្មណ៍ខ្លាំងណាស់ចំពោះគុណភាពចំណីអាហារក្នុងពេលបច្ចុប្បន្ននេះ។ មិនថាទាំងប្រទេសយើង ឬបរទេសគឺគេបារម្មណ៍រឿងនេះដូចគ្នា។ មានអាហារក្លែងក្លាយខ្លះប៉ះពាល់សុខភាពតិចតួច ខ្លះប៉ះពាល់ធ្ងន់ធ្ងរ និងខ្លះទៀតមិនបណ្ដាលអោយប៉ះពាល់ផងដែរ។ តាមការស្រាវជ្រាវកន្លងមកគេអាចកំណត់អាហារក្លែងក្លាយបានមួយចំនួន ហើយក៏មិនដឹងថាមានអ្វីខ្លះទៀតនោះទេដែលយើងកំពុងតែញ៉ាំរាល់ថ្ងៃនេះ។ ប្រភពព័ត៌មានបរទេសមួយ បានលើកអត្តបទដែលសរសេរអំពីអាហារក្លែងក្លាយទាំង៨មុខ ដែលយើងញ៉ាំរាល់ថ្ងៃដោយមិនដឹងខ្លួន។ ចង់ដឹងថាតើអាហារទាំងនោះមានអ្វីខ្លះសូមអានអត្តបទខាងក្រោមនេះអ្នកនឹងដឹង ដើម្បីប្រុងប្រយ័ត្នចំពោះអាហារទាំងអស់នោះ ដោយមានខ្លះយើងធ្លាប់ដឹង នឹងខ្លះយើងមិនធ្លាប់ដឹង ទោះបីវាមានប្រភពនៅបរទេស ក៏អាចនឹងមកដល់យើងនៅថ្ងៃណាមួយមិនខាន។
១. ស៊ូស៊ី
តាមការស្រាវជ្រាវរបស់ក្រុមសិក្សាពីធម្មជាតិបានអោយដឹងថា សាច់ត្រី ធូណា ដែលប្រើក្នុង ស៊ូស៊ី នៅក្រុង New York ដែល ៩៤% គឺមិនមែនជាត្រីធូណាពិតទេ។
២. សាច់ក្ដាម
ធ្វើឡើងដោយម្ស៉ៅសាច់ត្រីពណ៌ស លាយជាមួយស៊ុតពណ៌ស ម្ស៉ៅសាលី និង សណ្ដែក។
៣. ម្ស៉ៅកាហ្វេ
មិនមែនសំដៅទៅលើកាហ្វេម៉ាកល្បីៗដែលលក់នៅក្នុងផ្សាទំនើបនោះទេ គឺមានការក្លែងបន្លំយ៉ាងច្រើនផងដែរ គួរតែពិនិត្យអោយច្បាស់លាស់មុននិងទិញយកមកញ៉ាំ។
៤. តែ
នៅលើទីផ្សារ អន្តរជាតិមួយចំនួនបានចរាចរណ៍តែក្លែងក្លាយដែលអ្នកផលិត បានប្រើប្រាស់វត្ថុធាតុផ្សំផ្សេងៗ និងគ្រឿងផ្សំមិនមែនជាស្លឹកតែដើម្បីបង្កើនប្រាក់ចំនេញទ្វេដង។
៥. Wasabi
យើងអាចគិតថាយើងទៅដល់ហាងដែលលក់ស៊ូស៊ីយើងអាចទទួលបានអាហារដែលមានគុណភាពយ៉ាងប្រាកដ តែមិនប្រាកដទេ ព្រោះថា មានប្រភេទ Wasabi ជាច្រើនមិនបានប្រើវត្ថុធាតុដើមទាំងស្រុងនោះទេ ដោយហេតុថា តំលៃ Wasabi ពិតគឺថ្លៃរហូតដល់ ៧៥ដុល្លាក្នុងទំងន់១ផោនឯណុះ។ វាផ្សំឡើងដោយវត្ថុធាតុផ្សេងៗ និងសារធាតុពណ៌បៃតងប៉ុណ្ណោះ។
៦. ទឹកសេរ៉ូ Maple Syrup
ទឹកសេរ៉ូប្រភេទនេះបងប្អូនខ្មែរយើងមួយចំនួនទើបគាត់ស្គាល់ ដោយទឹកសេរ៉ូនេះគេចោះដើម Maple ដើម្បីយកទឹកវាមកចំរ៉ាញ់។ ប៉ុន្តែទឹកនេះគឺគេអាចប្រមូលបានតិច ឬច្រើនទៅតាមរដូវកាល ហើយក្រុមហ៊ុនធំៗដែលផលិតទឹកសេរ៉ូប្រភេទនេះមិនបានប្រើប្រាស់ទឹកដែលប្រមូលបានមកទាំងស្រុងនោះឡើយ។
៧. ប្រេងអូលីវ
ប្រេងអូលីវសុទ្ធមានប្រយោជន៍យ៉ាងច្រើនសំរាប់សុខភាពយើង ប៉ុន្តែនៅលើទីផ្សាមួយចំនួនធំបានលក់ផលិតផលដែលមិនបានផលិតពីប្រេងអូលីវទេ ពីព្រោះដើមអូលីវពិបាកក្នុងការដាំ និងមានទៅតាមតំបន់ផងដែរ។ ប្រេងដែលលក់នៅលើទីផ្សាខ្លះ គឺផ្សំពីសារធាតុ Diluted ជាមួយ សណ្ដែកដី រួមនឹងប្រេងសណ្ដែកផងដែរ។
៨. អង្ក
អង្កប្លាស្ទីកបានធ្វើអោយ ស្រុកយើងកក្រើករួចមកហើយ ដូច្នេះខ្ញុំមិនបាច់រៀបរាប់ច្រើននោះទេ តែនៅបរទេសក៏កំពុងតែមានការវាយលុកទីផ្សាផងដែរ។ ដូចដែលបានរៀបរាប់ខាងលើ បងប្អូនទាំងអស់គ្នាគួរតែមានការប្រុងប្រយ័ត្នចំពោះចំណីអាហារទាំងអស់គ្នា ទោះព័ត៌មាននេះយើងមិនទាន់បានជួបដោយផ្ទាល់ក៏ដោយចុះ។ ដើម្បីសុខភាពអ្នក និងក្រុមគ្រួសារត្រូវតែស្វែងយល់ពីគុណភាព និងរបបអាហារប្រចាំគ្រួសារអោយបានច្បាស់លាស់ និងចែករំលែកព័ត៌មាននេះទៅកាន់ក្រុមគ្រួសារ និងមិត្តភក្ដិរបស់អ្នកបានដឹងផង។
ប្រភពពី​ Posted by fbgoo.co

៦សញ្ញាបង្ហាញថាអ្នកមានខួរក្បាលឆ្លាតជាងមនុស្សទូទៅ មើលខ្លួនឯងមានខ្លះអត់?

ប្រិយមិត្ត កញ្ញា មានអ្នកណាជាកូនច្បង ជាអ្នកមានកម្ពស់ខ្ពស់ ឬមិនជក់បារីឬអត់? បើចំណុចទាំងអស់នេះមានចំណុចណាមួយត្រូវជាមួយអ្នកនោះ មានន័យថាអ្នកជាមនុស្សឆ្លាតជាពិសេសហើយ។ ផ្អែកតាមលទ្ធផលការស្រាវជ្រាវមួយចំនួនដែលចុះផ្សាយដោយគេហទំព័រ Business Insider ដែលបានស្រាវជ្រាវទៅលើសកម្មភាព និងលក្ខណៈទូទៅរបស់បុគ្គលឆ្លាត ខាងក្រោមនេះគឺជាសញ្ញាទាំង ៨ដែលអ្នកមានភាពឆ្លាតវៃអាចមានច្រើនបំផុត៖
១. អ្នកជាកូនច្បង ភាគច្រើន កូនច្បងរមែងមានភាពឆ្លាតច្រើនជាងប្អូនៗ ប៉ុន្តែភាពឆ្លាតនេះមិនមែនបានមកពីលក្ខណៈជីវសាស្ត្រនោះទេ ប៉ុន្តែការសិក្សាកាលពីឆ្នាំ២០០៧ បានចង្អុរបង្ហាញថាវាកើតមកពីការកត្តាចិត្តសាស្ត្រ និងវិធីចិញ្ចឹមអប់រំកូនក្នុងគ្រួសារ។  
២. អ្នកស្ទាត់ដៃឆ្វេង នាពេលថ្មីៗនេះ មានការស្រាវជ្រាវពាក់ព័ន្ធនឹងអ្នកប្រើដៃឆ្វេង ដោយគេបានរកឃើញថាអ្នកនិយមឆ្វេងមានគំនិតច្នៃប្រឌិតថ្មីប្លែកច្រើន និងគិតបានរហ័សថែមទៀត។
៣. អ្នកជាមនុស្សខ្ពស់ ការសិក្សារបស់សាកលវិទ្យាល័យ Princeton University បានបង្ហាញថាក្នុងវ័យកុមារ ក្មេងដែលមានរាងខ្ពស់ច្រើនមានលទ្ធផលសិក្សាល្អជាងក្មេងដែលមានកម្ពស់ទាបៗ។  
៤. អ្នកធ្លាប់រៀនតន្ត្រី តាមរយៈការសិក្សាមួយក្នុងឆ្នាំ២០១១ បានរកឃើញថាភាពឆ្លាតផ្នែកភាសានឹងមានការវិវត្តក្នុងកំឡុងអាយុ ៤-៦ឆ្នាំ ហើយនឹងកើតឡើងបន្ទាប់ពីការរៀនផ្នែកតន្ត្រីបានមួយខែ។  
៥. អ្នកមិនជក់បារី កាលពីឆ្នាំ២០១០ ក្នុងការសិក្សាមួយរបសប្រទេសអ៊ីស្រាអែល គេបាននាំបុរសចំនួន ២ម៉ឺននាក់មកធ្វើតេស្ត IQ ដោយបានរកឃើញថាបុរសដែលមានអាយុខ្ទង់ ១៨-២០ឆ្នាំ និងជក់បារីមាន IQ ប្រមាណ ៩៤ ខណៈអ្នកមិនជក់បារីមាន IQ ប្រមាណ ១០១។  
៦. អ្នកជាមនុស្សស្គម សុខភាពផ្លូវកាយល្អនឹងអាចជះឥទ្ធិពលល្អដល់ផ្លូវចិត្តដែរ។ ការសិក្សានៅប្រទេសបារាំងក្នុងឆ្នាំ២០០៦ បានរកឃើញថាអ្នកដែលមានបញ្ហាធាត់អាចឆ្លើយតបសំណួរអំពីការចងចាំពាក្យបានត្រឹមត្រូវ ៤៤% ខណៈអ្នកដែលមានរាងស្គមអាចឆ្លើយត្រូវជាមធ្យម ៥៦% ៕ ប្រភព៖ akerufeed ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

រឿង​ខ្លី អាន​ចប់​ភ្លឺ​ភ្នែក និង​ស្គាល់​ច្បាស់​ពី​តម្លៃ​នៃ​ភាព​ស្មោះត្រង់

“មាន​តែ​ពេលវេលា​​ទេ​អាច​ពិសោធន៍​គ្រប់​យ៉ាង” “ស្មោះត្រង់” ត្រូវ​បាន​កំឡោះ​តូច​ម្នាក់​ឈ្មោះ “ឆ្លាត” បោះបង់​ចោល​ក្នុង​សមុទ្រ។ “ស្មោះត្រង់” ព្យាយាម​ហែល​ទឹក​រហូត​មក​ដល់​កោះ​មួយ​កន្លែង​។ នៅ​ពេល​ឡើង​ដល់​ច្រាំង​កោះ “ស្មោះត្រង់” ក៏​ដេក​សម្រាក​នៅ​លើ​ឆ្នេរ​ខ្សាច់។ គេ​ព្យាយាម​​គិត​រក​វិធី​ដើម្បី​ត្រលប់​ទៅ​ច្រាំង​វិញ។ អ្វី​ដែល “ស្មោះត្រង់” រំពឹង​គឺ​នឹង​មាន​ទូក​របស់​នរណា​ម្នាក់​ជិះ​កាត់​ទីនេះ។ នៅ​សុខ​ៗ “ស្មោះត្រង់” ក៏​បាន​ឮ​សំឡេង​​​អ្វី​មួយ​ពី​ចម្ងាយ។ គេ​ក៏​ប្រញាប់​ងើប​ឡើង​និង​សម្លឹង​​រក​ប្រភព​សំឡេង​នោះ ហើយ​ក៏​ឃើញ​មាន​ទូក​មួយ​កំពុង​តម្រង់​​មក​កោះ​នេះ។ នៅ​លើ​ទូក​នោះ​​​មាន​សរសេរ​ពាក្យ​ថា "ក្ដី​សុខ" ដែល​ការ​ពិត​ ទូក​នោះ​គឺ​ជា​របស់​បុរស​ឈ្មោះ “ក្ដី​សុខ” នោះ​ឯង ដូច្នេះ “ស្មោះត្រង់” ក៏​ស្រែក​ហៅ​ឈ្មោះ​​ម្ចាស់​ទូក។ នៅ​ពេល “ក្ដី​សុខ” បាន​ឮ ក៏​ឆ្លើយ​ទៅ “ស្មោះត្រង់” វិញ​ថា៖ “មិន​បាន​ទេ​ៗ បើ​ខ្ញុំ​នាំ​អ្នក​ឡើង​ទូក​​នេះ​ខ្ញុំ​នឹង​លែង​មាន​ក្ដី​សុខ​ទៀត​ហើយ អ្នកមើល​ចុះ មនុស្ស​ជា​ច្រើន​ក្នុង​សង្គម​សម័យ​នេះ​ដែល​និយាយ​ការ​ពិត​ហើយ ក៏​លែង​មាន​ក្ដី​សុខ​ សុំ​ទោស​ណា​ “ស្មោះត្រង់” ខ្ញុំ​ទទួល​យក​អ្នក​មិន​បាន​មែន”។
និយាយ​ចប់ “ក្ដី​សុខ” ក៏​ជិះ​ទូក​ចេញ​ទៅ​បាត់​ទៅ។ មិន​បាន​ប៉ុន្មាន​​ទូក​របស់ "តំណែង” ក៏​ឆ្លង​កាត់​ទី​នោះ “ស្មោះត្រង់” ក៏​ស្រែក​ហៅ​គេ​ម្ដង​ទៀត។ “តំណែង” នៅ​ពេល​​ឮ​ដូច្នេះ​ក៏​ប្រញាប់​បង្វែរ​ក្បាល​ទូក​​ឲ្យ​ចេញ​ទៅ​ឆ្ងាយ ហើយ​ក៏​ងាក​មក​និយាយ​ជាមួយ "ស្មោះត្រង់​" ថា៖ “មិន​បាន​ទេៗ អ្នក​នៅ​ជាមួយ​ខ្ញុំ​មិន​បាន​ទេ អ្នក​ដឹង​ទេ​ថា​តំណែង​ដែល​ខ្ញុំ​បាន​មក​វា​លំបាក​ប៉ុណ្ណា បើ​ខ្ញុំ​នាំ​អ្នក​មក​ជាមួយ ខ្ញុំ​ពិត​ជា​ស៊យ​ហើយ វរ​ៗ​ត្រូវ​បាត់បង់​តំណែង។ យ៉ាង​ណា​ៗ​ ខ្ញុំ​មិន​អាច​រួម​ដំណើរ​ជាមួយ​អ្នក​បាន​ទេ”។ “ស្មោះត្រង់” អួល​ដើមក សម្លឹង​មើល​ តំណែង ដែល​ប្រញាប់​ចេញ​ទូក​​ទៅ​​យ៉ាង​អស់​សង្ឃឹម និង​​មាន​អារម្មណ៍​ច្របូកច្របល់​នឹង​ខ្លួន​ឯង​យ៉ាង​ខ្លាំង ប៉ុន្តែ​អ្វី​ដែល​គេ​ធ្វើ​បាន គឺ​មាន​តែ​ត្រូវ​រង់​ចាំ ចាំ​ហើយ ចាំ​ទៀត តែ​ប៉ុណ្ណោះ។ ក្រោយ​មក​ក៏​មាន​ទូក​មួយ​ទៀត​ឆ្លង​កាត់ នោះ​គឺ​ទូក​​របស់ "​ប្រកួតប្រជែង”។ “ប្រជែង ប្រជែង ខ្ញុំ​សុំ​ជិះ​ទូក​​ឯង​ផង​បាន​ទេ?" “ឯង​ជា​អ្នក​ណា? ឯង​មាន​ប្រយោជន៍​ប៉ុណ្ណា​ទៅ​សម្រាប់​ពួក​យើង?” ប្រកួត​ប្រជែង ស្រែក​សួរ។ “ស្មោះត្រង់” មិន​ចង់​និយាយ​អ្វី​ច្រើន​ទៀត​ទេ ព្រោះ​ខ្លាច​បាត់​បង់​ឱកាស​ដូច​មុន​ៗ​ទៀត ប៉ុន្តែ​​​ដោយ​សារ​​គេ​ជា​ “ស្មោះត្រង់” ដូច្នេះ​គឺ​នៅ​តែ “ស្មោះត្រង់” ខ្ញុំ​គឺ “ស្មោះត្រង់” “ហាស! ឯង​គឺជា​ស្មោះត្រង់ បើ​ពួក​យើង​មាន​ឯង​នៅ​ជាមួយ ពួក​យើង​​ទៅ​ប្រកួត​ប្រជែង​ជាមួយ​អ្នក​ណា​ឈ្នះ​ទៅ?” និយាយ​ចប់​គេ​ក៏​បង្វែរ​ក្បាល​ទូក​ចេញ​ទៅ​យ៉ាង​លឿន។ ក្នុង​ខណៈ​ដែល​ ស្មោះត្រង់ កំពុង​តែ​អស់​សង្ឃឹម​​​ឱន​មុខ​ស្លុប នៅ​សុខ​ៗ​ក៏​មាន​សំឡេង​លួងលោម​ថា “ចៅ​... ឡើង​ទូក​តា​មក!” នៅ​ពេល​ស្មោះត្រង់​ងើយ​មុខ​​សម្លឹង ក៏​ឃើញ​មនុស្ស​ចាស់​សក់​ស​ម្នាក់​ឈរ​នៅ​លើ​ទូក “ហេតុ​អី​លោក​តា​ចង់​ជួយ​ខ្ញុំ?” ស្មោះត្រង់ សួរ​ដោយ​ភាព​សង្ស័យ។ “មាន​តែ​ពេល​វេលា​ទេ​ដែល​ដឹង​ថា​​ភាព​ស្មោះ​ត្រង់​មាន​តម្លៃ​យ៉ាង​ណា" លោក​តា​​ដែល​ជា "ពេលវេលា" និយាយ​ទៅ​កាន់​ស្មោះ​ត្រង់​ដោយ​ស្នាម​ញញឹម។ នៅ​តាម​ផ្លូវ​ត្រលប់​ទៅ​វិញ​នៅ​យប់​នោះ​​គេឃើញ​ទូក​របស់ “ក្ដី​សុខ”, “តំណែង” និង “ប្រកួត​ប្រជែង” លិច​​ក្នុង​សមុទ្រ​អស់។ លោក​តា​ “ពេល​វេលា” បាន​​និយាយ​ទៅ​កាន់​អ្នក​ទាំង​បី​ថា៖ “ចៅ​ទាំង​ឡាយ​ត្រូវ​ចាំ​ទុក បើ​ចៅ​លែង​មាន​ភាព​ស្មោះ​ត្រង់​ក្នុង​ខ្លួន​ហើយ ក្ដី​សុខ​នឹង​នៅ​ជាមួយ​ចៅ​បាន​មិន​យូរ​ទេ តំណែង​ដែល​បាន​មក​​ក៏​បាន​ត្រឹម​ជា​តំណែង​ក្លែងក្លាយ ការ​ប្រកួត​ប្រជែង​ក៏​មាន​បរាជ័យ​​យ៉ាង​អាម៉ាស់​នៅ​ទី​បំផុត” ៕
ប្រភព៖ Singleklekthemovie ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

ជីវិតនឹងប្រសើរឡើងបើអ្នកបានធ្វើរឿងទាំងនេះ!

ទាយ​ដឹង​ថា ១០​ ឆ្នាំ​ខាង​មុខ​ជីវិត​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ​? ច្បាស់​ណាស់​អ្វី​ដែល​គ្រប់​គ្នា​ប្រាថ្នា​គឺ​ចង់​ឱ្យ​ជីវិត​ខ្លួន​ឯង​កាន់​តែ​ប្រសើរ​ឡើង​ ហើយ​វា​ទាម​ទារ​ឱ្យ​យើង​ចេះ​ផ្លាស់​ប្តូរ​ខ្លួន​ឯង​ រៀន​ស្វែង​យល់ និង​បង្កើត​អ្វី​ដែល​ថ្មី​សម្រាប់​ជីវិត​នា​ពេល​អនាគត​។ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ធំ​ៗ​ទាំង ​៥ ដែល​គួរ​តែ​អនុវត្ត​តាម ​ប្រសិន​បើ​អ្នក​ចង់ធ្វើឱ្យជីវិតប្រសើរឡើង៖  
១. ផ្តើម​ពី​អ្វី​ដែល​ខ្លួន​មិន​ធ្លាប់​ធ្វើ​៖ ទោះ​អ្នក​គិត​ថា​ចំនុច​ដែល​អ្នក​កំពុង​ឈរ​នេះ​ពិត​ជា​ផ្តល់​ភាព​ស្រណុក​សុខ​ស្រួល​យ៉ាង​ណា​ក្តី​ តែ​ណា​គ្មាន​ថ្ងៃ​បាន​រីក​ច្រើន​ទេ​បើ​អ្នក​មិន​ព្រម​ក្រោក​ចេញ​ពី​កន្លែង​នេះ​ហើយ​បន្ត​ទៅ​កន្លែង​ថ្មី​មួយ​ទៀត​។ គួរ​ចាប់​ផ្តើម​ធ្វើ​ការងារ​ណា​ដែល​អ្នក​មិន​ធ្លាប់​ប្រឡូក​ពី​មុន​សោះ​ ឬ ធ្វើ​រឿង​ដែល​អ្នក​ស្អប់​និង​ខ្លាច​បំផុត ​នោះ​អ្នក​នឹង​ទទួល​បទ​ពិសោធន៍​ថ្មី​ហើយ​ប្លែក​។
២. ថែ​រក្សា​សុខភាព​៖ សុខភាព​គឺ​ជា​ទ្រព្យ​ប្រចាំ​កាយ​ដែល​មិន​អាច​កាត់​ថ្លៃ​ ប្រសិន​បើ​អ្នក​គ្មាន​សុខភាព​ល្អ​ទេ​ធ្វើ​ម្តេច​នឹង​ស្វែង​រក​ដំណើរ​ជីវិត​ដែល​ប្រសើរ​បាន​? អ្នក​គួរ​បង្កើត​ទម្លាប់​នៃ​ការ​បរិភោគ​ប្រចាំ​ថ្ងៃ​ឱ្យ​បាន​ល្អ ​បែង​ចែក​ពេល​វេលា​សម្រាក​ ការ​ហាត់​ប្រាណ​និង​ការ​លំហែកាយ​ឱ្យ​បាន​ត្រឹម​ត្រូវ​។ បើ​ដឹង​ថា​ខ្លួន​ឈឺ​គួរ​ទទួល​យក​ការ​ព្យាបាល​ភ្លាម​ៗ​កុំ​បន្ត​ពន្យារ​ពេល​ឱ្យ​សោះ​។  
៣. កំណត់​គោល​ដៅ​និង​ជំហាន​៖ កំណត់​ទីតាំង​ឬ​ចំនុច​ដែល​អ្នក​ចង់​ទៅ​ដល់​ ហើយ​ដាក់​សំណួរ​សម្រាប់​ខ្លួន​ឯង​ថា៖ «ទៅ​ដើម្បី​អ្វី​? ទៅ​ត្រឹម​ចំនុច​ណា​? ទៅ​នៅ​ពេល​ណា ​និង​ទៅ​ដោយ​របៀប​ណា​?»
៤. ទម្លាប់​សន្សំ​លុយ​៖ គេ​និយាយ​ថា​លុយ​មិន​សំខាន់​ តែ​សំខាន់​គឺ​អត់​លុយ​! ពិត​​ហើយ​លុយ​មិន​សំខាន់​ទេ​វា​គ្រាន់​តែ​ក្រដាស​មួយ​សន្លឹក​ដែល​មនុស្ស​ផ្ទេរ​ទៅ​ផ្ទេរ​មក​ប៉ុណ្ណោះ​ ប៉ុន្តែ​បើ​យើង​គ្មាន​លុយ​តើ​ឱ្យ​រស់​នៅ​យ៉ាង​ម៉េច​ទៅ​? មិនថា​អ្នក​បាន​រៀប​ចំ​គម្រោង​សម្រាប់​ថ្ងៃ​អនាគត​ល្អ​ឥត​ខ្ចោះ​យ៉ាង​ណា​ក៏​ដោយ ​តែ​បើ​គ្មាន​ទម្លាប់​សន្សំ​លុយ​ទុក​ទេ​អ្នក​ក៏​មិន​អាច​ឈាន​ទៅ​សម្រេច​គោលដៅ​បាន​ជោគ​ជ័យ​ដែរ​។
៥. បង្កើត​មិត្ត​មិន​បង្កើត​សត្រូវ​៖ តាម​ការ​ស្រាវ​ជ្រាវ​របស់​មហាវិទ្យាល័យ ​Havard នៅ​ឯ​សហរដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​ថា ចំណែក​មួយ​ដ៏​ធំ​របស់​ជីវិត​ដែល​មាន​សុភមង្គល​នោះ​គឺ​ការ​រក្សា​ចំណង​មិត្តភាព​រឹង​មាំ​។ ត្រូវ​ស្រឡាញ់​ខ្លួន​ឯង ​ធ្វើ​ឱ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត​ និង​ចេះ​ចែក​រំលែក​ភាព​រីករាយ​នោះ​ទៅ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ឱ្យ​បាន​ច្រើន​តាម​រយៈ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​៕
ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

ជោគជ័យ​នឹង​រត់មកតាមក្រោយ បើ​អ្នក​​ធ្វើ​បាន​៤​ចំណុច​នេះ

ចិត្ត​គំនិត​របស់​អ្នក​គឺ​ជា​ត្រី​វិស័យ​ដែល​កំណត់​ទិស​ដៅ​សម្រាប់​ជីវិត​។ ពេល​ខ្លះ​អ្នក​បាន​ត្រៀម​គម្រោង​រួច​ជា​ស្រេច​អស់​ហើយ ​ប៉ុន្តែ​ដោយ​សារ​ការ​គិត​ខុស​មួយ​ពេល​បែរ​ជា​ធ្វើ​ឱ្យ​គម្រោង​នោះ​រលាយ​បាត់​ទៅ​វិញ​។ ហេតុ​នេះ​ទើប​មនុស្ស​ភាគ​ច្រើន​ជឿ​ថា​ បើ​គិត​វិជ្ជមាន​បាន​ច្រើន​កម្រិត​ណា ​អត្រា​នៃ​ភាព​ជោគ​ជ័យ​ក៏​មាន​ច្រើន​កម្រិត​នោះ​។ខាង​ក្រោម​ជា​របៀប​នៃ​ការ​រៀប​ចំ​គំនិត​មួយ​ចំនួន ​ដែល​សាក​សម​បំផុត​សម្រាប់​អ្នក​ប្រាថ្នា​ចង់​បាន​ភាព​ជោគ​ជ័យ​៖  
១. យក​ភាព​វៃ​ឆ្លាត​ជំនួស​ការ​ប្រើ​កម្លាំង៖ត្រង់​នេះ​មិន​សំដៅ​ឱ្យ​អ្នក​ប្រើ​តែ​គំនិត​ហើយ​មិនធ្វើ​អ្វី​សោះ​ទេ ​គ្រាន់​តែ​ចង់​ឱ្យ​ប្រើ​សមត្ថភាព​វៃ​ឆ្លាត​រិះ​រក​វិធី​ណា​ដែល​ចំណេញ​ជាង​ការ​ប្រើ​កម្លាំង​។ ពេល​ខ្លះ​ការ​ចំណាយ​កម្លាំង​អាច​ឱ្យ​យើង​សម្រេច​គោល​ដៅ​បាន​ក៏​ពិត​មែន​ ប៉ុន្តែ​ចូរ​រៀន​ប្រើ​ភាព​វៃ​ឆ្លាត​ស្វែង​រក​វិធី​ណា​ដែល​ងាយ​ស្រួល ​និង​រហ័ស​ជាង​នេះ​។ ឧទាហរណ៍​ថា​អ្នក​ចង់​បើក​ក្រុមហ៊ុន​រក​ស៊ី​ផ្ទាល់​ខ្លួន​ តួ​យ៉ាង​មិន​មែន​តម្រូវ​ឱ្យ​អ្នក​ទៅ​គ្រប់​គ្រង​ផ្នែក​ទាំង​អស់​ក្នុង​ក្រុមហ៊ុន​ទេ​ ប៉ុន្តែ​ត្រូវ​ប្រើ​ភាព​វៃ​ឆ្លាត​ចាត់​ចែង​ធន​ធាន​មនុស្ស​ដើម្បី​គ្រប់​គ្រង​ផ្នែក​ណា​មួយ​ដែល​ជា​រចនា​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​វិញ​។
២. គិត​ដល់​តម្លៃ​នៃ​ពេល​វេលា​៖ ភាគ​ច្រើន​មនុស្ស​ដែល​ស្រឡាញ់​ភាព​ជោគ​ជ័យ​ឱ្យ​តម្លៃ​ទៅ​លើ​ពេល​វេលា​ខ្លាំង​ណាស់​។ គួរ​គប្បី​ចោល​ទម្លាប់​នៃ​ការ​ពន្យារ​ពេល ​ហើយ​​រៀប​ចំ​កាល​វិភាគ​ការ​ងារ​ឱ្យ​បាន​ជាក់​លាក់​ កុំ​ចាំ​ដល់​វិនាទី​ចុង​ក្រោយ​ទើប​ប្រញ៉ាប់​ប្រញ៉ាល់​។
៣. បាន​តែ​គិត​ហើយ​មិន​ធ្វើ​៖ ទោះ​អ្នក​បារម្ភ​ខ្លាច​បរាជ័យ​នៅ​ពេល​ធ្វើ​វា​ក៏​ដោយ​ប៉ុន្តែ​កុំ​រារែក​ ត្រូវ​ផ្តល់​កម្លាំង​ចិត្ត​ឱ្យ​ខ្លួន​ឯង​ហើយ​ចាប់​ផ្តើម​ធ្វើ​វា​ពី​ពេល​នេះ​។ បើ​អ្នក​គិត​ហើយ​តែ​បែរ​ជា​មិន​បាន​ធ្វើ គឺ​ស្មើ​នឹង​បរាជ័យ​។
៤. កុំ​ខ្លាច​ការ​បាក់​ទឹក​ចិត្ត​៖ គ្មាន​នរណា​ម្នាក់​សប្បាយ​ចិត្ត​ទេ​នៅ​ពេល​ដែល​ជួប​បរាជ័យ​ ប៉ុន្តែ​យ៉ាង​ណា​រឿង​វា​បាន​កើត​ទៅ​ហើយ​ គឺ​មាន​តែ​ប្រឈម​មុខ​នឹង​ការ​ពិត​។ ត្រូវ​រៀន​ផ្តល់​កម្លាំង​ចិត្ត​ឱ្យ​ខ្លួន​ឯង​ ទោះ​ជា​អ្នក​សោក​សៅ​នៅ​ថ្ងៃ​នេះ​ក៏​មិន​ប្រាកដ​ថា​លទ្ធផល​ប្រែ​ទៅ​ជា​ល្អ​ឡើង​វិញ​ដែរ​ ហើយ​វា​អាច​ធ្វើ​ឱ្យ​អ្នក​ដុន​ដាប​ជាង​មុន​ក៏​ថា​បាន​។ ចូរ​ចាំ​ថា​បញ្ហា​នៅ​តែ​បន្ត​កើត​មាន​ថ្ងៃ​ក្រោយ​ដោយ​គ្មាន​ដែន​កំណត់​ឡើយ​៕
 ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

ស្រី​ៗ​ទោះ​រឹងមាំ​ប៉ុណ្ណា ក៏​​ត្រូវការ​មនុស្ស ៦ ប្រភេទ​នេះ​នៅ​ពីក្រោយ​ខ្នង​ដែរ!

មនុស្ស​ខ្លះ​គិត​ថា​មាន​ភាព​រឹងមាំ​មាន​ន័យ​ថា​ឯករាជ្យ និង​មិន​ត្រូវការ​ម្នាក់​ពឹង​ពាក់​លើ​អ្នក​ដទៃ។ តែ​នេះ​មិន​មែន​ជា​ជម្រើស​ល្អ​ឡើយ ទោះ​ជា​ខ្លាំង​ប៉ុណ្ណា​ក៏​ស្ត្រី​ត្រូវការ​រក្សា​មនុស្ស ៦ ប្រភេទ​នេះ​ឲ្យ​នៅ​ក្បែរ​ខ្លួន​ដែរ ដើម្បី​ត្រៀម​ទុក​ជា​ជំនួស​ដ៏​សំខាន់ ក្នុង​ពេល​មាន​ឧបសគ្គ​ធំ៖
១.នរណា​ម្នាក់​ដែល​ជឿ​លើ​នាង មនុស្ស​ស្ត្រី​ខ្លាំង​បំផុត​ក៏​ត្រូវការ​អ្នក​គាំទ្រ​ដែរ។ មិនមែន​ដោយ​សារ​តែ​នាង​មិន​មាន​អារម្មណ៍​ថា​មិន​អាច​ធ្វើ​កិច្ចការ​​នោះ​បាន​ទេ ប៉ុន្តែ​មនុស្ស​ស្រី​ត្រូវការ​នរណា​ម្នាក់ជឿជាក់លើ​ខ្លួន ដើម្បី​ធ្វើឲ្យ​នាង​កាន់តែ​ខំប្រឹង​ឲ្យ​រឹតតែ​ល្អ។
២.អ្នក​ដែល​ធ្វើឲ្យ​នាង​មាន​អារម្មណ៍​ថា​មិន​ឯកា ជា​នរណា​ក៏​បាន​ដែរ​មិន​ថា​ប្ដី មិត្តភ័ក្ដិ​បុរស​ៗ មិត្តភ័ក្ដិ​ស្រី​ៗ​ឡើយ ឲ្យតែ​ជួយ​ធ្វើឲ្យ​នាង​មាន​អារម្មណ៍​ថា​ផ្លូវ​ដែល​ដើរ​នោះ មិនមែន​ដើរ​ម្នាក់ឯង​ឡើយ។ ក្នុង​ន័យ​នេះ​មិនមែន​មាន​ន័យ​ថា​នាង​ខ្លាច​ឡើយ តែ​មាន​មនុស្ស​កំដរ​ដើរ​ផ្លូវ​រួម​គ្នា។ ៣.នរណា​ដែល​អាច​នាំ​នាង​ត្រឡប់​មក​រក​ភាព​ពិតប្រាកដ នាង​ត្រូវការ​យ៉ាងហោចណាស់​មិត្តភ័ក្ដិ​ម្នាក់ ដើម្បី​រក្សា​ជំហរ​របស់​នាង។ មិត្តភ័ក្ដិ​ម្នាក់​នោះ​អាច​រំឭក​នាង​ថា អ្វី​ដែល​កំពុង​ធ្វើ​នោះ​គឺជា​ការ​ស្រមៃ​ប៉ុណ្ណោះ ហើយ​អាច​ទាញ​នាង​ចេញ​ពី​ពិភព​រវើរវើយ​បាន។  
៤.មនុស្ស​ម្នាក់​ដែល​មាន​ភាព​ស្មោះត្រង់ ១០០ ភាគរយ ស្ត្រី​រឹងមាំ​គ្រប់រូប​ត្រូវការ​នរណា​ម្នាក់​ដែល​នាង​អាច​ប្រាប់​នាង​ពី​ការពិត មិនមែន​និយាយ​ល្អ ឬ​ឯកភាព​គ្រប់​រឿង​នៅ​នឹង​មុខ។ តែ​ក្រោយ​ខ្នង​ដើរ​និយាយ​ដើម​ដូច​ព្យុះ​នោះ​ទេ។  
៥.អ្នក​ដែល​អាច​បែងចែក​ពេល​រីករាយ​ដល់​នាង មនុស្ស​ស្រី​មិន​ថា​ក្លាហាន​រឹងមាំ​ដល់​កម្រិត​ណា​ទេ នាង​តែង​ត្រូវ​ការ​មនុស្ស​ម្នាក់​ដែល​អាច​បែងចែក​ភាព​សប្បាយ​រីករាយ​របស់​គេ ឲ្យ​ទៅ​នាង​ខ្លះ។មិនមែន​បណ្ដោយ​ឲ្យ​នាង​នៅ​តស៊ូ ឬ​ប្រឈម​មុខ​នឹង​បញ្ហា​ម្នាក់ឯង​គ្មាន​ស្គាល់​អ្វី​ហៅថា​ការ​សប្បាយ។
៦.នាង​ត្រូវ​ការ​មនុស្ស​ម្នាក់​ដែល​អាច​ក្លាយ​ជា​នាង ក្នុង​ពេល​តែ​មួយ​​រវល់​នឹង​ការងារ​ពីរ​ផ្សេង​គ្នា ដូចនេះ​ទោះ​មនុស្ស​ស្រី​ខ្លាំង​ប៉ុណ្ណា​ក៏​មិន​អាច​បែង​ភាគ​បាន​ឡើយ។ បែប​នេះ​នាង​ត្រូវ​ការ​មនុស្ស​ម្នាក់​ដែល​អាច​ក្លាយ​ជា​នាង​បាន ទៅ​ដោះស្រាយ​បញ្ហា​មួយ​ទៀត​បាន​ដោយ​ជោគជ័យ៕
ប្រភព៖ familyshare ប្រែ​សម្រួល៖ ទ្រី រ៉ាវី

បើ​ខាង​ប្រុស​គ្មាន​សញ្ញា ៤ យ៉ាង​នេះហើយ មិន​បាច់​រង់ចាំ​គេ​ទេ រក​អ្នក​ថ្មី​ទៅ​ល្អ​ជាង

ទាក់ទង​គ្នា​​មក​រាប់​ឆ្នាំ តែ​បែ​ជា​ភាគី​ខាង​ប្រុស​មិន​ធ្លាប់​បង្ហាញ​សញ្ញា​ថា​ចង់​រៀបការ​ជាមួយ​អ្នក​សោះ​នោះ គួរតែ​មិន​បាច់​រងចាំ​ទៀតទេ។ ព្រោះ​អាច​នឹង​ចំណាយ​ពេល​ឥតប្រយោជន៍​ទៅ​លើ​បុរស​ម្នាក់​នោះ​ ដោយ​គ្មាន​បាន​អីត្រឡប់​មក​វិញ។ សញ្ញា​ទាំង​នោះ​មាន​ដូចជា៖
១.មិន​ធ្លាប់​បង្ហើប​ពី​គម្រោង​រៀបការ បើ​ទោះ​ជា​ទាក់ទង​គ្នា​យូរ​ហើយ​ក៏​ដោយ តែ​បើ​ជា​ខាង​ប្រុស​មិន​ធ្លាប់​រំលឹក​ពី​រឿង​ដឹកដៃ​គ្នា​សាង​អនាគត​ជា​ប្ដី​ប្រពន្ធ ហើយ​ពេល​ខ្លះ​មាន​តែ​អ្នក​ជា​ស្រី​ទៅ​និយាយ​មុន​ហើយ​គេ​បែរជា​រក​លេស​ដោះសារ​មិន​ឈប់​ទៅ​វិញ។ នោះ​បញ្ជាក់​ថា​គេ​ដែល​គិត​ថា​ចង់​បាន​អ្នក​ជា​ភរិយា​ឡើយ បើ​ទោះ​ជា​មាន​ការងារ​ល្អ ប្រាក់​គ្រប់គ្រាន់​ក្នុង​ដៃ ក៏​គេ​មិន​រៀបការ​ដែរ។ បើ​បុរស​គេ​ចង់​មែន ទោះ​មិន​ទាន់​មាន​លទ្ធភាព​រៀបចំ​ពិធី​មង្គល​នេះ ក៏​គេ​ផែនការ​ច្បាស់លាស់ និង​យ៉ាងហោចណាស់​ធ្លាប់​ពោលពាក្យ​ចង់​រៀបការ​ឲ្យ​មនុស្ស​ស្រី​ឮ​ដែរ។
២.បញ្ជារ​ឲ្យ​ខាង​ស្រី​មិន​ឲ្យ​ប្រាប់​ទំនាក់ទំនង​ខ្លួន​ទៅ​អ្នក​ដទៃ​ ជា​សង្សារ​នឹង​គ្នា​រាប់​ឆ្នាំ​តែ​បែរ​ជា​មិន​ធ្លាប់​​បង្ហាញ​រូបភាព​ទៅ​ដើរ​លេង ទៅ​ញ៉ាំ​អី ឬ​ទៅ​ណា​មក​ណា​តែពីរ​នាក់ ព្រោះ​ខ្លាច​​អ្នក​ដទៃ​ដឹង​ថា ​ជា​អ្វី​នឹង​គ្នា។ បែប​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា មនុស្ស​ប្រុស​ម្នាក់​នោះ​គ្មាន​ចិត្ត​ចង់​បាន​អ្នក​ជា​គូ​អនាគត​ឡើយ ដោយសារ​តែ​អ្វី​ៗ​ទាំងអស់​ស្ថិតនៅ​ជា​អាថ៌កំបាំង។ ទំនាក់ទំនង​បែប​នេះ មាន​ន័យ​អ្វី​សម្រាប់​មនុស្ស​ស្រី បែរ​លាក់លៀម​ដោយ​គ្មាន​មូលហេតុ​អ៊ីចឹង​នោះ។
៣.មិនធ្លាប់​រំលឹក​ឲ្យ​គ្រួសារ​ខាង​គេ​ដឹង​ពី​អ្នក​សូម្បី​ឈ្មោះ មនុស្ស​ប្រុស​តែ​ស្រលាញ់​ស្រី​ណា​ម្នាក់​ច្បាស់លាស់ និង​ប្រាកដប្រជា​ជាមួយ គេ​នឹង​យក​រឿង​នេះ​ទៅ​ប្រាប់​ដល់​គ្រួសារ​គេ​ដែរ។ ត្រូវ​ចាំ​ថា​ពេល​មាន​កម្មវិធី​ណាមួយ​ក្នុង​គ្រួសារ​ដូចជា​រៀបការ​បងប្អូន បុណ្យ​ទាន គេ​ពិតជា​បបួល​មនុស្ស​ស្រី​ដែល​គេ​ស្រលាញ់​ទៅ​លេង ដើម្បី​ជា​ការ​បង្ហាញ​មុខ ទោះ​មិន​សូវ​ផ្លូវការ​ក៏​ដោយ។ តែ​បើ​មិន​ដែល​ហៅ​អ្នក​ទៅ​ឲ្យ​ស្គាល់​ក្រុម​គ្រួសារ​គេ​ទេ ឬ​សូម្បី​ឈ្មោះ​ក៏​មិន​ធ្លាប់​ប្រាប់​ទៀត គួរតែ​ឈប់​ចាំ​គេ​ទៅ ព្រោះ​ប្រហែល​គ្មាន​ផ្លូវ​អ្នក​បាន​ក្លាយ​ជា​សមាជិក​គ្រួសារ​គេ​ទេ។  
៤.សោះកក្រោះ​គ្រប់ពេល​នៅ​ជាមួយ​គ្នា ឲ្យតែ​ពេល​នៅ​ជាមួយ​អ្នក គេ​មិន​ដែល​មាន​ទឹក​មុខ​រីករាយ​នោះ​ទេ។ ចំណុច​នេះ​បញ្ជាក់​ថា​ខាងប្រិស​គេ​មិន​ពេញ​ចិត្ត​នឹង​នៅ​ក្បែរ តែ​គ្រាន់​មិន​ហ៊ាន​ហាមាត់​បដិសេធ​ប៉ុណ្ណោះ។ មនុស្ស​ស្រី​មិនមែន​ចង់​បង្ខំឲ្យ​មនុស្ស​ប្រុស​ញញឹម ឬ​សើច​ដាក់​គ្រប់​ពេល​ទេ តែ​ចង់​ឃើញ​ទឹកមុខ​សប្បាយ​រីករាយ​ដូច​អ្នក​មាន​ស្នេហា​ដទៃ​ទៀត មិនមែន​មុខ​ក្រញូវ​រហូត​នោះ​ឡើយ៕
អត្ថបទ៖ Kanha