គន្លឹះ​ថតរូប​តាម​ដង​ផ្លូវ​ ៦ ចំណុចជួយ​អ្នក​ឲ្យថត​ឡើង​ទឹក​ដៃ

ពេល​ធ្វើ​ដំណើរ​កំសាន្ត​ភាគ​ច្រើន​សកម្មភាព និង​វត្ថុ​នានា​តាម​ដងផ្លូវ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​ជា​ឱកាស​ល្អ​ក្នុង​ការ​ផ្ដិត​យក​រូបភាព​ទាំង​នោះ​ជា​អនុស្សាវរីយ៍ ជា​ពិសេស​ដំណើរ​កំសាន្ត​ក្រៅ​ប្រទេស អ្នក​នឹង​អាច​ជួប​របស់​ប្លែកៗ​ជា​ច្រើន​។ ដូច្នេះ​អ្នក​អាច​ពិនិត្យ​មើល​គន្លឹះ​ខាងក្រោម​ក្នុង​ការ​ថតរូប​ដង​ផ្លូវ​ឲ្យ​បាន​ល្អ​ប្រសើរ​៖
១ ពង្រីក​សម្រាប់​ភាព​លម្អិត​(Zoom In)
ពិនិត្យ​មើល​លើ​របស់​ប្លែកៗ ដែល​អ្នក​អាច​បង្កើត​ការ​ចាប់​អារម្មណ៍​លើ​រូបភាព​ដង​ផ្លូវ ឧទាហរណ៍ តាម​ទីផ្សារ​មាន​បង្ហាញ​នូវ​បន្លែ ផ្លែឈើ ត្រី សាច់ ជាច្រើន​។ អ្នក​អាច​ប្រើ Lens ធម្មតា ឬ Macro lens ក្នុង​ការ​ចាប់​យក​រូបភាព ដោយ​អាច​ប្រើ Aperture f/16។ អ្នក​អាច​ពិនិត្យ​មើល​នូវ​ពណ៌​ភ្លឺៗ និង​របស់​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​មិន​មាន​នៅ​ផ្ទះ​អ្នក​។ សំខាន់​មួយ​ទៀត គួរ​សុំ​ការ​អនុញ្ញាត​សិន​។
២ ពិនិត្យ​មើល​ស្រមោល​
នៅ​ពេល​ល្ងាច​ថ្ងៃ​រាប​លិច អ្នក​អាច​ពិនិត្យ​មើល​នូវ​ស្រមោល និង​រូបរាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ការ​ថតរូប​បាន​។ អ្នក​ត្រូវ​ប្រាកដ​ថា​ប្រភព​ពន្លឺ​មាន​ពី​ក្រោយ Subject ឧទាហរណ៍​ក្នុង​នេះ​អ្នក​ជិះ​កង់ ដែល​ពួកគេ​បង្ហាញ​ជា​ពណ៌​ខ្មៅ​។ អ្នក​គួរ​បិទ Flash និង​ប្រើ Spot metering mode ដើម្បី​ពិនិត្យ​មើល​តំបន់​ភ្លឺ បន្ទាប់​មក​តម្រង់​កាមេរ៉ា​លើ Subject ហើយ​ថត​។
 ៣ ថតរូប​សកម្មភាព
ក្នុង​ទីក្រុង​មាន​មនុស្ស​ច្រើន មាន​ភាព​មមាញឹក ដែល​ជា​ឱកាស​ល្អ​ក្នុង​ការ​ថតរូប​សកម្មភាព​។ អ្នក​អាច​ថតរូប​អាគារ ចរាចរណ៍ និង​មនុស្ស ដោយ​ប្រើ Lens ធម្មតា ឬ Lens Wide-angle និង​ជ្រើសរើស Shutter speed យឺត​ប្រហែល 1/30។ អ្នក​អាច​ប្រើ Tripod ឬ​ជញ្ជាំង​សម្រាប់​ដាក់​កាមេរ៉ា​លើ​នោះ​។
 ៤ ក្រឡេក​មើល​ធាតុ​ប្លែកៗ
លើ​ដង​ផ្លូវ​មាន​ធាតុ​ជា​ច្រើន ដូចជា​រថយន្ត ឬ​កង់​ចាស់ៗ ដោយ​អ្នក​អាច​ពិនិត្យ​មើល​រូបរាង និង​ពណ៌​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​មាន​ពណ៌​ធាតុ និង​ជញ្ជាំង​ផ្ទុយ​គ្នា​។ អ្នក​គួរ​ប្រើ Lens Wide-angle ជាមួយ​នឹង Depth of field តូច និង​ទៅ​ជិត​នឹង​រថយន្ត​ដើម្បី​បង្កើត​នូវ​ទិដ្ឋភាព​ធំ​នៃ​រថយន្ត​។
៥ ប្រើ​លក្ខណៈ Portraits
មនុស្ស​មាន​លក្ខណៈ​បែប​បទ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​លើ​ដង​ផ្លូវ ដែល​អ្នក​អាច​ថត​បាន ប៉ុន្តែ​គួរ​សុំ​ការ​អនុញ្ញាត​ជា​មុន​។
 ៦ ថត​បរិយាកាស
អ្នក​អាច​ពិនិត្យ​មើល​លើ​វ៉ូង​មនុស្ស ឬ​ព្រឹត្តិការណ៍​ផ្សេងៗ ដែល​អាច​បង្កើត​ការ​ចាប់​អារម្មណ៍​បាន​។ អ្នក​គួរ​ប្រើ Lens ធម្មតា និង​ទៅ​ជិត​សកម្មភាព​នោះ ប្រសិនបើ​អាច​នៅ​ពី​មុខ​នឹង​វ៉ូង​មនុស្ស ឬ​ព្រឹត្តិការណ៍​កាន់​តែ​ល្អ​។ អ្នក​គួរ​ប្តូរ Mode dial ទៅ TV ឬ S (Shutter Priority) mode ដូច្នេះ​អ្នក​អាច​គ្រប់គ្រង​លើ​ការ​បង្កក​សកម្មភាព​។ អ្នក​គួរ​ប្រើ Shutter speed លឿន​ប្រហែល 1/500th នៃ​មួយ​វិនាទី​។ អ្នក​គួរ​កំណត់ Focus mode ទៅ Continues focusing (AI Servo AF Canon/AF-C Nikon) ដូច្នេះ Lens អាច​រក្សា​ការ Focus នូវ​សកម្មភាព​លើ​ដងផ្លូវ​បាន​។ ម្យ៉ាងទៀត អ្នក​គួរ​ប្រើ​មុំ​ចុះ​ក្រោម​បន្តិច ដែល​អាច​ឲ្យ​អ្នក​សម្ដែង ឬ​តួ​អង្គ​បង្ហាញ​ច្រើន​ក្នុង​ទិដ្ឋភាព​។ - ការ​ណែនាំ​ទូទៅ​ ប្រសិនបើ​អ្នក​ថតរូប​មនុស្ស​អាច​ជ្រើសរើស Lens ធម្មតា និង​ប្រើ​ល្បឿនShutter speed 1/250th នៃ​មួយ​វិនាទី និង Aperture f/8 ពេល​មាន​ពន្លឺ​ថ្ងៃ​។ ប្រសិនបើ​អ្នក​ថតរូប​មាន​សកម្មភាព​លឿន ប្រើ Flash ឬ​បង្កើន Shutter speed ទៅ 1/500 ដល់ 1/1000th នៃ​មួយ​វិនាទី​។ ប្រសិនបើ​អ្នក​ចង់​បង្ហាញ​នូវ​សកម្មភាព អាច​ប្រើ Shutter speed យឺត 1/30th នៃ​មួយ​វិនាទី ដោយ​ប្រើ Shutter priority។ អ្នក​អាច​ប្រើ Telephoto lens សម្រាប់​ថតរូប​មនុស្ស និង Wide-angle lens សម្រាប់​រូប​ទេសភាព​។ Lens ធម្មតា ឬ Wide angle ពង្រីក​បាន​ល្អ​ពេល​អ្នក​ចង់​ផ្ដោត​លើ​វត្ថុ​ផ្សេងៗ​។ Monopod អាច មាន​អត្ថប្រយោជន៍​សម្រាប់​ការ​ថតរូប​សកម្មភាព​៕ ប្រភពពី news sabay កែសម្រួលដោយ សល់ ស៊ីម។

ទម្លាប់​៥​យ៉ាង​​នៅ​ពេល​ព្រឹក​ដែល​​ធ្វើ​ឲ្យ​អ្នក​ឡើង​គីឡូ​​មិន​ឈប់​

ឆ្ងល់​ណាស់​មែន​ទេ ហេតុ​អ្វី​អ្នក​ខំ​ព្យាយាម​សម្រក​គីឡូ​​​យូរ​ហើយ​​ តែ​នៅ​តែ​មិន​ទាន់​ស្រក​ទៀត​? តាម​ពិត​ទម្លាប់​​ដែល​អ្នក​ធ្វើ​​ក្រោយ​ពេល​ភ្ញាក់​ពី​គេង​ភ្លាម​​ ក៏​ចូល​រួម​​ចំណែក​ជះ​​ឥទ្ធិពល​​ដល់​រឿង​នេះ​ដែរ។​ ចង់​ដឹង​ថា​​ទម្លាប់​នោះ​មាន​​អ្វី​ខ្លះ​ តោះ​មក​អាន​ឲ្យ​ដឹង​ទាំង​អស់​គ្នា​៖​
១. ដេក​ជ្រុល​
 ត្រឹម​ត្រូវ​ណាស់​ការ​គេង​គ្រប់​គ្រាន់​ជួយ​ឲ្យ​អ្នក​ស្រក​គីឡូ​ ប៉ុន្តែ​បើ​​​អ្នក​គេង​លើស​ពី​១០​ម៉ោង​ នោះ​លទ្ធផល​នឹង​ផ្ទុយ​​គ្នា​​។​ ដូច្នេះ​អ្នក​​គួរ​កែ​ទម្លាប់​ជា​ថ្មី​ ដោយ​គេង​ចន្លោះ​ពី​៧ទៅ​៩​ម៉ោង​បាន​ហើយ​។
 ២. រៀប​ចំ​ខ្លួន​ក្នុង​ទី​រងឹត​ 
ការ​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ​នៅ​ពេល​ព្រឹក​ អាច​ជួយ​ឲ្យ​រាង​កាយ​អ្នក​រក្សា​តុល្យ​​ភាព​និង​ប្រឆាំង​ការ​ឡើង​គីឡូ​​​បាន​ ដូច្នេះ​បើ​​អ្នក​មិន​បាន​បើក​បង្អួច​ ឲ្យ​ពន្លឺ​ចូល​ទេ​ នោះ​អ្នក​នឹង​​បាត់បង់​ឧកាស​ល្អ​នេះ​មិន​ខាន​។​
 ៣. មិន​​​​រៀប​ចំ​​កន្លែង​គេង​ឲ្យ​ស្អាត​ឡើង​វិញ
​ ស្តាប់​ទៅ​ដូច​ជា​គួរ​ឲ្យ​អស់​សំណើច​ណាស់​មែន​ទេ​? ប៉ុន្តែ​​​ទម្លាប់​​ល្អ​បែប​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ពេញ​មួយ​ថ្ងៃ​ ដូច​ជា​អ្នក​អាច​ខ្ចប់​អាហារ​ល្អៗ​​សម្រាប់​​ញ៉ាំ​ពេល​ថ្ងៃ​ នៅ​ពេល​ទៅ​ធ្វើ​ការ​ទៀត​ផង​។​
 ៤. មិន​ថ្លឹង​គីឡូ​រាល់​ថ្ងៃ​ មិន​សូវ​មាន​ពេល​ថ្លឹង​គីឡូ​ទេ​មែន​ទេ?
 សាក​ទិញ​ជញ្ជីង​មក​ដាក់​ក្នុង​បន្ទប់​ហើយ​ថ្លឹង​រាល់​ថ្ងៃ​មើល​​។ អ្នក​នឹង​អាច​ដឹង​ថា​តើ​គោល​ដៅ​របស់​អ្នក​សម្រេច​ដល់​ចំណុច​​ណា​ហើយ​។​
៥. ញ៉ាំ​អាហារ​ពេល​ព្រឹក​មិន​ត្រឹម​ត្រូវ​ ចំណុច​នេះ​សំខាន់​ខ្លាំង​ណាស់​ 
ការ​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ ធ្វើ​ឲ្យ​អ្នក​ឃ្លាន​ហើយ​ញ៉ាំ​អាហារ​ពេល​ថ្ងៃ​និង​ពេល​ល្ងាច​ច្រើន។​ ស្រដៀង​គ្នា​នេះ​ដែរ បើ​អ្នក​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដែល​មិន​ត្រឹម​ត្រូវ​ ដូច​ជា​ញ៉ាំ​តិច​ពេក​ ឬ​ច្រើន​ពេក​ ក៏​ជា​កត្តា​​ជះ​ឥទ្ធិពល​ដូច​គ្នា​​។​ បន្ទាប់​ពី​អាន​ចំណុច​ទាំង​៥​នេះ​ហើយ​ កញ្ញា​សង្ឃឹម​ថា​​ បំណង​សម្រក​គីឡូ​របស់​អ្នក​ទាំង​អស់​គ្នា​នឹង​ទទួល​បាន​​​ជោគ​ជ័យ​ឆាប់ៗ​ ៕
ប្រភព៖ Womenshealthmag ប្រែសម្រួល៖ អូន បញ្ញា

ដំណឹង​ល្អ! អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​ភេសជ្ជៈ​ដ៏​អស្ចារ្យ​បំផុត សម្រាប់​សម្រក​ទម្ងន់

មនុស្ស​ជាច្រើន ជាពិសេស​ស្រី​ៗ​​កំពុង​ស្វែងរក​វិធី​ដែល​ឆាប់ និង​ងាយស្រួល​ដើម្បី​សម្រក​ទម្ងន់ ដូចជា​ផែនការ​របប​អាហារ ថ្នាំ​សម្រក​ទម្ងន់ ទម្លាប់​ហាត់ប្រាណ​យ៉ាង​ម៉ត់ចត់ និង​មាន​វិធី​ជាច្រើន​ទៀត។
ប៉ុន្តែ​អ្នក​មាន​បញ្ហា​លើស​ទម្ងន់​ឈប់​បារម្ភ​ទៀត​ទៅ ព្រោះ​អ្នក​ស្រាវជ្រាវ​បាន​ណែនាំ​វិធី​សម្រក​ទម្ងន់​ដ៏​ល្អ និង​មាន​ប្រសិទ្ធភាព​មួយ គឺ​ការ​ផឹក​តែ។ យោង​តាម​ទស្សនាវដ្ដី American Journal of Clinical Nutrition បាន​រក​ឃើញ​ថា​អ្នក​ដែល​មាន​ទម្លាប់​ផឹក​តែ​គ្មាន​ឡើង​ទម្ងន់។ អ្នកស្រាវជ្រាវ​ជនជាតិ​ហុល្លង់​បាន​ពិនិត្យ​លើ​ការស្រាវជ្រាវ និង​ការវិភាគ​លើ​តែ​បៃតង​បាន​ឲ្យ​ដឹង​ថា ពេល​ផឹក​តែ​បៃតង ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន អាច​ជួយ​បង្កើន​ការ​ចំណាយ​ថាមពល ឬ​ដុត​បំផ្លាញ​កាឡូរី​ដែល​មាន​ក្នុង​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ​វា​ថែម​ទាំង​បង្កើន​អុកស៊ីតកម្ម​ជាតិ​ខ្លាញ់ (ការ​បំបែក​ជាតិ​ខ្លាញ់) នៅ​ក្នុង​ខ្លួន​បាន​ល្អ​ទៀត​ផង។
ទោះជា​យ៉ាង​ណា អ្នកស្រាវជ្រាវ​បាន​បញ្ជាក់​ថា​ ផឹក​តែ​មួយ​មុខវាក៏​មិនមែន​ជួយ​បាន​ទាំង​ស្រុង​ដែរ ព្រោះ​ទាល់តែ​គួបផ្សំ​ជាមួយ​របប​អាហារ​ដែល​មាន​សុខភាព​ល្អ និង​ការ​ធ្វើ​លំហាត់​ប្រាណ​ខ្លះ​ៗ​ទៀត ទើប​អាច​ជំរុញ​ការ​ដុត​បំផ្លាញ​ខ្លាញ់​ក្នុង​ខ្លួន​ឲ្យ​កាន់តែ​រលាយ​ឆាប់។
របប​អាហារ គឺ​មាន​សារៈសំខាន់​ជាង​ការ​ហាត់ប្រាណ​ទៅ​ទៀត ពេល​និយាយ​ដល់​ការ​ការ​ហាត់​ប្រាណ ព្រោះ​បើ​ហាត់​ប្រាណ​រួច អ្នក​ទៅ​ទទួល​ទាន​ ភេសជ្ជៈ​មាន​ជាតិ​កាបូអ៊ីត អាហារ Fast-food និងបង្អែម​ដែល​មាន​ជាតិ​ស្ករ​បន្ទាប់ពី​ហាត់ប្រាណ​នោះ វា​នឹង​កាន់តែ​ធ្វើ​ឲ្យ​យ៉ាប់​លើស​ដើម៕
 ប្រភព៖ familyshare ប្រែ​សម្រួល៖ ទ្រី រ៉ាវី

ប្រញាប់​រៀប​ការ​នៅ​វ័យ​ក្មេង​ពេក នឹង​អាច​ជួប​វិបត្តិ​៧​យ៉ាង

គូ​ស្នេហ៍​មួយ​ចំនួន​ចង់​រៀបការ​ភ្លាមៗ​បន្ទាប់​ពី​ស្គាល់​គ្នា​មិន​បាន​ប៉ុន្មាន ដោយ​យល់​ថា​ការ​ចងចំណង​អាពាហ៍ពិពាហ៍​គឺ​ជា​រឿង​សំខាន់​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ស្នេហា​របស់​ពួកគេ និង​គិត​ថា​ការ​ចាប់​ផ្ដើម​ជីវិត​គ្រួសារ​លឿន នឹង​ជួយ​ឲ្យ​ពួកគេ​ឈាន​ដល់​ជីវិត​ឯករាជ្យ​លឿន​ដូច​គ្នា។ ទោះ​បី​ជា​ការ​រៀបការ​នៅ​វ័យ​ក្មេង​មាន​គុណ​សម្បត្តិ​មួយ​ចំនួន​ តែ​វា​ក៏​មាន​បញ្ហា​ជា​ច្រើន​ដែល​នឹង​ត្រូវ​ប្រឈម​មុខ​ដូច​ជា៖
១.ទំនួល​ខុស​ត្រូវ​ក្នុង​វ័យ​ក្មេង៖​​​​​ ជីវិត​ប្ដី​ប្រពន្ធ មិន​មែន​មាន​តែ​ពេល​ផ្អែម​ល្ហែម សប្បាយ​ៗ​ដូច​ជីវិត​ជា​សង្សារ​ឡើយ។ ពួក​គេ​ត្រូវ​មើល​ថែ​គ្រួសារ ទុក​ដាក់​ផ្ទះ​សំបែង​ បីបាច់​កូន​ចៅ​ដោយ​ខ្លួន​ឯង។ ដូច្នេះ​ហើយ​បើ​ជីវិត​ពួក​គេ​មិន​ទាន់​មាន​លំនឹង និង​មិន​រឹង​មាំ​គ្រប់គ្រាន់​វា​នឹង​ក្លាយ​ជា​បញ្ហា​ធំ។
២.បាត់​បង់​អ្វី​ដែល​ជា​ភាព​រីករាយ​របស់​យុវវ័យ៖ ភាព​ច្របូកច្របល់​នៃ​ជីវិត​អាពាហ៍ពិពាហ៍​នឹង​ចាប់​ផ្ដើម ជីវិត​យុវវ័យ​របស់​ពួកគេ​នឹង​បាត់​ទៅ​ដំណាល​គ្នា​ដែរ។
៣.ការ​មាន​ផ្ទៃពោះ​ក្នុង​វ័យក្មេង៖ មាន​កូន​នៅ​វ័យ​ក្មេង​ពេក​នឹងធ្វើ​​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ស្ត្រី​គ្រប់​រូប ជា​ពិសេស​បើ​ស្ត្រី​មិន​ទាន់​អស់​​ការ​លូតលាស់​នៅ​ឡើយ ការ​មាន​ផ្ទៃ​ពោះ​នឹង​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់។
៤.ភាព​ប្រេះឆា​នៃ​ជីវិត​គូ​ងាយ​កើត​មាន​ឡើង៖ ដោយ​សារ​ពួក​គេ​នៅ​ចិត្ត​ក្ដៅ មិន​ទាន់​ចេះ​គិតគូរ​វែង​ឆ្ងាយ គូ​ស្វាមី​ភរិយា​វ័យ​ក្មេង​ភាគ​ច្រើន​មិន​មាន​ទំនួល​ខុសត្រូវ ឬ​ឈ្លោះ​ប្រកែក​គ្នា​រហូត​មិន​អាច​ទ្រាំ​នឹង​គ្នា​បាន។
៥. ផល​ប៉ះពាល់​ចំពោះ​ការ​សិក្សា៖ ភាគ​ច្រើន គូ​ស្នេហ៍​វ័យ​ក្មេង​មិន​អាច​បន្ត​ការ​សិក្សា​ខ្ពស់​បាន​ទេ​ព្រោះ​ពួកគេ​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​ហិរញ្ញវត្ថុ​គ្រួសារ។
៦.ឱកាស​ការងារ​តិចតួច៖ ដោយ​សារ​តែ​ការ​អប់រំ​របស់​ពួកគេ​មាន​កម្រិត​ពួក​គេ​មិន​អាច​ទទួល​បាន​ការងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​នោះ​ទេ។
៧.ជួប​ការ​លំបាក​ក្នុង​ការ​ចិញ្ចឹម​កូន៖​ ចំណេះដឹង​របស់​ពួកគេ​អំពី​ការ​ថែ​ទាំ​កូន​អាច​មាន​កម្រិត​ ព្រម​ទាំង​មិន​មាន​ការ​ណែនាំ​គ្រប់គ្រាន់​ពី​មាតាបិតា ដូច្នេះ​ពួកគេ​មិន​អាច​មើល​ថែ​កូន​បាន​ល្អ​ទេ។ ការ​រៀប​​អាពាហ៍ពិពាហ៍​ឆាប់​ពេក​ មើល​ទៅ​រ៉ូមែនទិច និង​ងាយស្រួល​ប៉ុន្តែ​វា​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ផង​ដែរ។ ដូច្នេះ​គូ​ស្វាមី​ភរិយា​ត្រូវការ​រយៈពេល​ស្គាល់​គ្នា​ឲ្យ​បាន​ច្បាស់​សិន​មុន​សម្រេច​ចិត្ត​រៀបការ​ជាមួយគ្នា។ ការ​ប្រញាប់ប្រញាល់​ឈាន​ជើង​ចូល​ក្នុង​អាពាហ៍ពិពាហ៍​មួយ​ដែល​នឹង​ត្រូវ​បញ្ចប់​ទៅ​វិញ​រហ័ស ពុំ​មែន​ជា​រឿង​ត្រឹមត្រូវ​ដែល​គួរ​ធ្វើ​នោះ​ទេ ។
ប្រភព៖ Kanha ប្រែសម្រួល៖ fbgoo.co

ស្វែងយល់ពីអ្នកនិពន្ធរឿងទុំទាវ

១.ផ្ដើមសេចក្ដី
        រឿងទុំទាវជារឿងរ៉ាវមួយដែលប្រជាជនខ្មែរនិយមរាប់អានយ៉ាងខ្លាំង។ រឿងនេះត្រូវបានចាត់ទុកចូលទៅក្នុងរឿងដែលមានតម្លៃសំខាន់បំផុត។ កាលពីសង្គមចាស់គេបានឲ្យតម្លៃទៅលើរឿងនេះដែរ ដោយគេចាត់ចូលកម្មវិធីសិក្សាថ្នាក់ទី៣ និងថ្នាក់ទី១ចាស់ ហើយបច្ចុប្បន្ននេះក្រសួងអប់រំយុវជននិងកីឡាក៏បានបញ្ចូលរឿងទុំទាវនេះទៅក្នុងកម្មវិធីសិក្សានៅថ្នាក់ចំណេះដឹងទូទៅ(ថ្នាក់ទី១០-១២)។ មិនត្រឹមតែសម្រាប់អ្នកសិក្សាប៉ុណ្ណោះទេ រឿងទុំទាវត្រូវបានមជ្ឈដ្ឋានអ្នកសិល្បៈយកទៅសំដែងជាសិល្បៈជូនទស្សនិកជនជាទីកំសាន្តយ៉ាងល្អឥតខ្ចោះថែមទៀតផង។

២. ទិដ្ឋភាពប្រវត្តិ
២.១ អត្ថបទ
       តាមទស្សនៈអ្នកស្រាវជ្រាវអក្សរសិល៍្បមួយចំនួនបានឲ្យដឹងថារឿងទុំទាវដែលមាននៅក្នុងប្រទេសយើងរហូតមកដល់សព្វថ្ងៃនេះបានឆ្លងកាត់ប្រវត្តិយ៉ាងស្មុគស្មាញ។ រឿងទុំទាវមិនមែនជាស្នាដៃរបស់អ្នកនិពន្ធតែមួយអ្នកហើយត្រូវបានតាក់តែងក្នុងរយៈពេលខ្លីនោះទេ។ នៅក្នុងបញ្ហាស្នេហាដ៏សែនសោកសៅនេះ អ្នកនិពន្ធច្រើនរូបបានចំណាយពេលយ៉ាងយូរ ដើម្បីសម្អិតសម្អាងស្នាដៃនេះដោយបានកែប្រែសាច់រឿងឲ្យមានការផ្លាស់ប្ដូរបន្តិចម្ដងៗរហូតដល់ដំណក់កាលចុងក្រោយដែលយើងទទួលស្គាល់បច្ចប្បន្ននេះ។ អ្នកស្រាវជ្រាវរឿងទុំទាវបានរកឃើញអត្ថបទរឿង៤ខុសគ្នា៖
​​       +អត្ថបទទី១  សរសេរលើស្លឹករឹតជាបទពាក្យ៧ យ៉ាងចំណាស់ព្រងទាំងរហែកខ្ទេចខ្ទីដាច់ក្បាល ដាច់កន្ទុយ គ្មានកាលវរិច្ឆេទ គ្មានឈ្មោះអ្នកនិពន្ធ។ ដោយយល់ទៅតាមទេពកោសល្យខ្ពស់ក្នុងការតែងកំណាព្យ សាស្ត្រាចារ្យមួយចំនួនបានសន្និដ្ឋានថាជាអត្ថបទរបស់សន្ធរម៉ុក(១៨៣៤-១៩០៨)។                +អត្ថបទទី២  សរសេរលើស្លឹករឹតជាបទកាព្យផ្សេងៗ មានបទកាកគិ បទព្រហ្មគីតិជាដើម តែកំពុងឃើញមានឈ្មោះអ្នកនិពន្ធ និង កាលកំណត់តែងទេ។ ដោយផ្អែកលើជរាភាពនៃសាស្ដ្រាចារ្យនេះ និងដោយសម្អាងលើអត្ថបទរូបរបស់អត្ថបទយើងអាចសន្និដ្ឋានបានថាស្នាដៃនេះប្រហែលជារៀបរៀងឡើងមុនរជ្ជកាលស្ដេចនរោត្តមទៅទៀតុ។  ​
         +អត្ថបទទី៣  មានអារម្ភកថាមានប្រាប់ឈ្មោះអ្នកនិពន្ធ មានកាលបរិច្ឆេទច្បាស់លាស់។                          ឧ.យើងនិងថ្លែងនាមតាមបញ្ហា               ទើបថាតាមឈ្មោះចំពោះងាយ                                               តួ”ស”រាប់រៀបធៀបនិយាយ                      ដើមទាយប្រកបរាប់រៀបទៅ។ ទាញយា”ស”សម                  ប្រកប”ម” បាំងឈើលើ”ស”ទើបបានត្រូវ     ឈ្មោះដើមដូចដឹងពីម៉ែឪ ឥឡូវនាមបែកចែកដោយគុណ។
           តាមរយៈនេះយើងអាចសន្និដ្ឋានថានិពន្ធដោយ ភិក្ខុ ងួន សោម ឬជាស្នាដៃភិក្ខុសោម នៅឆ្នាំ១៩១៥។ ភិក្ខុសោមបានសរសេរក្នុងអារម្ភកថារបស់លោកថា៖
          នេះនិងថ្លាថ្លែងតែងចរចា                      ល្បើកល្បងល្បាកាយកាព្យ 
          តាំងតែងដំណាលកាលមុន                     និទានយូរយារឃ្លាឃ្លាតឆ្ងាយ។ 
         មិនទៀងល្អៀងល្អក់ឥតឃ្លាឃ្លាត់            សង្វាតផ្ទៀងផ្ទាត់បទបរិយាយ
         យើងកែជាថ្មីដែនដីអាយ                        ស្រស់ស្រាយតទុកទៅមុខទៀត។
         +អត្ថបទទី៤... សូមរង់ចាំភាគបន្ដ

អាហារក្លែងក្លាយដែលយើងញ៉ាំរាល់ថ្ងៃដោយមិនដឹង…សូមជួយស៊ែចែកគ្នាដឹងផង!!!

ពិតជាមានការព្រួយបារម្មណ៍ខ្លាំងណាស់ចំពោះគុណភាពចំណីអាហារក្នុងពេលបច្ចុប្បន្ននេះ។ មិនថាទាំងប្រទេសយើង ឬបរទេសគឺគេបារម្មណ៍រឿងនេះដូចគ្នា។ មានអាហារក្លែងក្លាយខ្លះប៉ះពាល់សុខភាពតិចតួច ខ្លះប៉ះពាល់ធ្ងន់ធ្ងរ និងខ្លះទៀតមិនបណ្ដាលអោយប៉ះពាល់ផងដែរ។ តាមការស្រាវជ្រាវកន្លងមកគេអាចកំណត់អាហារក្លែងក្លាយបានមួយចំនួន ហើយក៏មិនដឹងថាមានអ្វីខ្លះទៀតនោះទេដែលយើងកំពុងតែញ៉ាំរាល់ថ្ងៃនេះ។ ប្រភពព័ត៌មានបរទេសមួយ បានលើកអត្តបទដែលសរសេរអំពីអាហារក្លែងក្លាយទាំង៨មុខ ដែលយើងញ៉ាំរាល់ថ្ងៃដោយមិនដឹងខ្លួន។ ចង់ដឹងថាតើអាហារទាំងនោះមានអ្វីខ្លះសូមអានអត្តបទខាងក្រោមនេះអ្នកនឹងដឹង ដើម្បីប្រុងប្រយ័ត្នចំពោះអាហារទាំងអស់នោះ ដោយមានខ្លះយើងធ្លាប់ដឹង នឹងខ្លះយើងមិនធ្លាប់ដឹង ទោះបីវាមានប្រភពនៅបរទេស ក៏អាចនឹងមកដល់យើងនៅថ្ងៃណាមួយមិនខាន។
១. ស៊ូស៊ី
តាមការស្រាវជ្រាវរបស់ក្រុមសិក្សាពីធម្មជាតិបានអោយដឹងថា សាច់ត្រី ធូណា ដែលប្រើក្នុង ស៊ូស៊ី នៅក្រុង New York ដែល ៩៤% គឺមិនមែនជាត្រីធូណាពិតទេ។
២. សាច់ក្ដាម
ធ្វើឡើងដោយម្ស៉ៅសាច់ត្រីពណ៌ស លាយជាមួយស៊ុតពណ៌ស ម្ស៉ៅសាលី និង សណ្ដែក។
៣. ម្ស៉ៅកាហ្វេ
មិនមែនសំដៅទៅលើកាហ្វេម៉ាកល្បីៗដែលលក់នៅក្នុងផ្សាទំនើបនោះទេ គឺមានការក្លែងបន្លំយ៉ាងច្រើនផងដែរ គួរតែពិនិត្យអោយច្បាស់លាស់មុននិងទិញយកមកញ៉ាំ។
៤. តែ
នៅលើទីផ្សារ អន្តរជាតិមួយចំនួនបានចរាចរណ៍តែក្លែងក្លាយដែលអ្នកផលិត បានប្រើប្រាស់វត្ថុធាតុផ្សំផ្សេងៗ និងគ្រឿងផ្សំមិនមែនជាស្លឹកតែដើម្បីបង្កើនប្រាក់ចំនេញទ្វេដង។
៥. Wasabi
យើងអាចគិតថាយើងទៅដល់ហាងដែលលក់ស៊ូស៊ីយើងអាចទទួលបានអាហារដែលមានគុណភាពយ៉ាងប្រាកដ តែមិនប្រាកដទេ ព្រោះថា មានប្រភេទ Wasabi ជាច្រើនមិនបានប្រើវត្ថុធាតុដើមទាំងស្រុងនោះទេ ដោយហេតុថា តំលៃ Wasabi ពិតគឺថ្លៃរហូតដល់ ៧៥ដុល្លាក្នុងទំងន់១ផោនឯណុះ។ វាផ្សំឡើងដោយវត្ថុធាតុផ្សេងៗ និងសារធាតុពណ៌បៃតងប៉ុណ្ណោះ។
៦. ទឹកសេរ៉ូ Maple Syrup
ទឹកសេរ៉ូប្រភេទនេះបងប្អូនខ្មែរយើងមួយចំនួនទើបគាត់ស្គាល់ ដោយទឹកសេរ៉ូនេះគេចោះដើម Maple ដើម្បីយកទឹកវាមកចំរ៉ាញ់។ ប៉ុន្តែទឹកនេះគឺគេអាចប្រមូលបានតិច ឬច្រើនទៅតាមរដូវកាល ហើយក្រុមហ៊ុនធំៗដែលផលិតទឹកសេរ៉ូប្រភេទនេះមិនបានប្រើប្រាស់ទឹកដែលប្រមូលបានមកទាំងស្រុងនោះឡើយ។
៧. ប្រេងអូលីវ
ប្រេងអូលីវសុទ្ធមានប្រយោជន៍យ៉ាងច្រើនសំរាប់សុខភាពយើង ប៉ុន្តែនៅលើទីផ្សាមួយចំនួនធំបានលក់ផលិតផលដែលមិនបានផលិតពីប្រេងអូលីវទេ ពីព្រោះដើមអូលីវពិបាកក្នុងការដាំ និងមានទៅតាមតំបន់ផងដែរ។ ប្រេងដែលលក់នៅលើទីផ្សាខ្លះ គឺផ្សំពីសារធាតុ Diluted ជាមួយ សណ្ដែកដី រួមនឹងប្រេងសណ្ដែកផងដែរ។
៨. អង្ក
អង្កប្លាស្ទីកបានធ្វើអោយ ស្រុកយើងកក្រើករួចមកហើយ ដូច្នេះខ្ញុំមិនបាច់រៀបរាប់ច្រើននោះទេ តែនៅបរទេសក៏កំពុងតែមានការវាយលុកទីផ្សាផងដែរ។ ដូចដែលបានរៀបរាប់ខាងលើ បងប្អូនទាំងអស់គ្នាគួរតែមានការប្រុងប្រយ័ត្នចំពោះចំណីអាហារទាំងអស់គ្នា ទោះព័ត៌មាននេះយើងមិនទាន់បានជួបដោយផ្ទាល់ក៏ដោយចុះ។ ដើម្បីសុខភាពអ្នក និងក្រុមគ្រួសារត្រូវតែស្វែងយល់ពីគុណភាព និងរបបអាហារប្រចាំគ្រួសារអោយបានច្បាស់លាស់ និងចែករំលែកព័ត៌មាននេះទៅកាន់ក្រុមគ្រួសារ និងមិត្តភក្ដិរបស់អ្នកបានដឹងផង។
ប្រភពពី​ Posted by fbgoo.co